លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ... (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា«គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធាន ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា នៃ គ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំលើកដំបូងរបស់ គ.ត.ផ.ហ.ក. នេះ មានគោលបំណងផ្តល់ឱកាសដល់អនុប្រធាន និងជាសមាជិក សមាជិកា គ.ត.ផ.ហ.ក. បានជួបពិភាក្សាការងារ មានមតិសំណេះសំណាល និងណែនាំខ្លួន។ នៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តនូវបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងដំណើរការតួនាទីភារកិច្ចរបស់ខ្លួន កិច្ចប្រជុំលើកដំបូងនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួន ៣ រួមមាន៖ ១). មតិស្វាគមន៍ និងសុន្ទរកថាបើកអង្គប្រជុំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. ២).ការអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃ គ.ត.ផ.ហ.ក. ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ និងមតិសំណេះសំណាល និងការណែនាំខ្លួន ដោយសមាជិក សមាជិការបស់ គ.ត.ផ.ហ.ក. ៣). របាយការណ៍លទ្ធផលការងាររបស់ គ.ត.ផ.ហ.ក. និងលេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. ដែលសម្រេចបាននាពេលកន្លងមក ៤). កិច្ចពិភាក្សាលើគំនិតផ្ដួចផ្ដើមដែលរៀបចំនិងកិច្ចការសំខាន់ៗដែលត្រូវអនុវត្តនាពេលខាងមុខ ដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក គ.ត.ផ.ហ.ក. លើ៖ ក). ពាក្យស្នើសុំបញ្ជាក់ភាពត្រឹមត្រូវលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលសម្រាប់ផលិតផលនាំចូល ខ).ទម្រង់វិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលសម្រាប់ផលិតផលនាំចូល គ). ទម្រង់លំហូរនៃវិធានក្នុងការវាយតម្លៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលសម្រាប់ផលិតផលនាំចូល។