លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ... (ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា«គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធាន ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា នៃ គ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំលើកដំបូងរបស់ គ.ត.ផ.ហ.ក. នេះ មានគោលបំណងផ្តល់ឱកាសដល់អនុប្រធាន និងជាសមាជិក សមាជិកា គ.ត.ផ.ហ.ក. បានជួបពិភាក្សាការងារ មានមតិសំណេះសំណាល និងណែនាំខ្លួន។ នៅក្នុងអាណត្តិថ្មីនេះ ដើម្បីបន្តនូវបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយនិងដំណើរការតួនាទីភារកិច្ចរបស់ខ្លួន កិច្ចប្រជុំលើកដំបូងនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈចំនួន ៣ រួមមាន៖ ១). មតិស្វាគមន៍ និងសុន្ទរកថាបើកអង្គប្រជុំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. ២).ការអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការតែងតាំងសមាសភាពនៃ គ.ត.ផ.ហ.ក. ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ និងមតិសំណេះសំណាល និងការណែនាំខ្លួន ដោយសមាជិក សមាជិការបស់ គ.ត.ផ.ហ.ក. ៣). របាយការណ៍លទ្ធផលការងាររបស់ គ.ត.ផ.ហ.ក. និងលេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. ដែលសម្រេចបាននាពេលកន្លងមក ៤). កិច្ចពិភាក្សាលើគំនិតផ្ដួចផ្ដើមដែលរៀបចំនិងកិច្ចការសំខាន់ៗដែលត្រូវអនុវត្តនាពេលខាងមុខ ដោយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិក គ.ត.ផ.ហ.ក. លើ៖ ក). ពាក្យស្នើសុំបញ្ជាក់ភាពត្រឹមត្រូវលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលសម្រាប់ផលិតផលនាំចូល ខ).ទម្រង់វិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលសម្រាប់ផលិតផលនាំចូល គ). ទម្រង់លំហូរនៃវិធានក្នុងការវាយតម្លៃការស្នើសុំវិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលសម្រាប់ផលិតផលនាំចូល។
ព័ត៌មានលំអិតអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកផលិតផលហាឡាលកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាតាំងបង្ហាញ ក្នុងពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ នៅខេត្តសៀមរាបអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលហាឡាលកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានា តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម មានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានស្តង់ចំនួន១២៥ បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តសៀមរាប បានចូលរួមក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត ធុរជន និងអាជីវករជាច្រើនរូប។ ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានណែនាំឱ្យអគ្គនាយកដ្ឋាន ក.ប.ប. បន្តលើកកម្ពស់ការយល់ដឹងពីកិច្ចការហាឡាល ផ្សព្វផ្សាយពីស្លាកសញ្ញាហាឡាលកម្ពុជា និងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផល និងសេវាកម្មហាឡាល ឱ្យធុរជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ជាពិសេសបងប្អូនមុស្លិម ។ក្នុងព្រឹត្តិការណ៍តាំងបង្ហាញខាងលើ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់កម្ពុជា ជាពិសេសសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
ព័ត៌មានលំអិតមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីនាយកដ្ឋានកិច្ចការហាឡាល នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចូលរួមធ្វើជាវាគ្មិនក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីនិន្នាការ និងតម្រូវការទេសចរមូស្លីមដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានចូលរួមពីឯកឧត្ដម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការ នៃក្រសួងទេសចរណ៍ មន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប ប្រតិបត្តិករប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ រួមមានអាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ សមាគមចុងភៅសមាគមទេសចរណ៍ ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ ចំនួនសរុប ១៨០នាក់ ដែលប្រព្រឹត្តិនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
ព័ត៌មានលំអិតអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមតាំងបង្ហាញអំពីតួនាទីភារកិច្ចរបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកែប (ខេត្តកែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់តាំងបង្ហាញតួនាទីភារកិច្ចសកម្មភាពអនុវត្តការងាររបស់ខ្លួន និងកិច្ចការហាឡាលកម្ពុជា ក្នុងព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។ ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទាំងពិធីបើក និងពិធីបិទ និងមានស្តង់ពិព័រណ៍រហូតដល់៥០០ស្តង់ ជាមួយនឹងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ចូលរួមទស្សនាកម្សាន្តក្នុងរយៈ៣ថ្ងៃមកនេះ។ ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានចង្អុលបង្ហាញមកឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំឱ្យមានការតាំងបង្ហាញខាងលើ ដោយអគ្គនាយកដ្ឋាន ក.ប.ប. បានរចនាផ្ទាំងរូបភាពបង្ហាញពីតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅនឹងច្បាប់ដែលបានផ្តល់អាណត្តិឱ្យអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មរួមមានច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ លិខិតបទដ្ឋានក្រោមច្បាប់ និងផ្ទាំងខិតប័ណ្ណអប់រំជាច្រើនទៀត ក្នុងគោលបំណងបង្ហាញដល់សាធារណជនឱ្យបានយល់ដឹងពីគោលការណ៍សុវត្ថិភាពម្ហូបអាហារ និងសិទ្ធិក្នុងការទទួលបានការការពារដោយច្បាប់ និងយន្តការបណ្តឹងមកអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងករណីមានបទល្មើសកើតឡើង។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន ក.ប.ប. ដែលមាននាយកដ្ឋានកិច្ចការហាឡាលជាសេនាធិការក៏បានតាំងបង្ហាញសកម្មភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ. ត.ផ.ហ.ក.»និងឯកសារពាក់ព័ន្ធនឹងកិច្ចការហាឡាលរួមទាំងមានការដាក់តាំងផលិតផលហាឡាលដែលទទួលបានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជា ដោយមានការចូលរួមសហការពីក្រុមហ៊ុនចំនួន៤០ ក្នុងការដាក់ផលិតផល និងសេវាកម្មហាឡាលរបស់ខ្លួន ក្នុងព្រឹត្តិការណ៍តាំងបង្ហាញខាងលើផងដែរ ក្នុងគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់កម្ពុជា ជាពិសេស សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
ព័ត៌មានលំអិត