អគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកផលិតផលហាឡាលកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាតាំងបង្ហាញ ក្នុងពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ នៅខេត្តសៀមរាបអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បាននាំយកផលិតផលហាឡាលកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានា តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម មានរយៈពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានស្តង់ចំនួន១២៥ បានចូលរួមដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន។ជាមួយគ្នានេះដែរ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីនៃនាយកដ្ឋានកិច្ចការហាឡាល និងសាខា ក.ប.ប. ខេត្តសៀមរាប បានចូលរួមក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត ធុរជន និងអាជីវករជាច្រើនរូប។ ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានណែនាំឱ្យអគ្គនាយកដ្ឋាន ក.ប.ប. បន្តលើកកម្ពស់ការយល់ដឹងពីកិច្ចការហាឡាល ផ្សព្វផ្សាយពីស្លាកសញ្ញាហាឡាលកម្ពុជា និងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលិតផល និងសេវាកម្មហាឡាល ឱ្យធុរជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ជាពិសេសបងប្អូនមុស្លិម ។ក្នុងព្រឹត្តិការណ៍តាំងបង្ហាញខាងលើ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា បទប្បញ្ញត្តិពាក់ព័ន្ធ នីតិវីធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកក្នុងការគ្រប់គ្រងកិច្ចការហាឡាល និងជំរុញការធ្វើពាណិជ្ជកម្មផលិតផលហាឡាលរបស់កម្ពុជា ជាពិសេសសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។